កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី២២ មេសា សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមសន្និសីទតាមអនឡាញស្តីពី «ដាំបង្គោលធ្មេញ និងអនាម័យមាត់ធ្មេញ នៃយុគសម័យថ្មី» ដោយមានអ្នកចូលរួមប្រមាណជាង១៣០នាក់ដែលជាគ្រូពេទ្យធ្មេញ និងឱសថការី មកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំតាមរយៈZoom នេះរៀបចំឡើងក្នុងបំណងពង្រឹងការចែករម្លែកចំណេះដឹងផ្នែកទន្តសាស្រ្ត និងដើម្បីផ្តល់យោបល់ទាក់ទងនឹងជម្រើសផលិតផលដែលសមស្របទៅនឹងសុខភាពមាត់ធ្មេញ និងបង្ហាញពីបច្ចេកវិទ្យាថ្មីៗចុងក្រោយនៅក្នុងវិស័យនេះ។
អ្នកចូលរួមក៏អាចទទួលបានការបញ្ចុះតម្លៃលើផលិតផលទំនើបដែលត្រូវបានអ្នកឯកទេសសុខភាពមាត់ធ្មេញប្រើប្រាស់រួចទៅហើយនៅកម្ពុជា និងនៅអន្តរជាតិ។
លោកតិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម គូសបញ្ជាក់ពីសារសំខាន់នៃព្រឹត្តិការណ៍នេះសម្រាប់បេសកកម្មទូទៅរបស់សហគ្រាស។ លោកមានប្រសាសន៍យ៉ាងដូច្នេះ៖ «សហគ្រាសផលិតឱសថប៉េប៉េអឹមមានកិត្តិយសដោយបានចូលរួមក្នុងសន្និសីទនេះ ដែលឆ្លុះបញ្ចាំងពីកិច្ចសន្យារបស់យើងក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញនៅទូទាំងប្រទេស»។ លោកក៏បានរម្លឹកផងដែរថា សហគ្រាសផលិតឱសថប៉េប៉េអឹមដែលជាសហគ្រាសផលិតឱសថចម្បងនៅកម្ពុជា មានផលិតផលជាច្រើនប្រភេទដែលត្រូវបានទទួលស្គាល់ និងប្រើប្រាស់នៅតាមបណ្តាគ្លីនិកជាច្រើនកន្លែង និងនៅតាមឱសថស្ថានជាតិ ក្នុងចំណោមផលិតផលទាំងអស់នោះ មានទឹកខ្ពុលមាត់ Septyl Red ទឹកខ្ពុលមាត់ Septyl Menthe ទឹកខ្ពុលមាត់ Septyl Clear ថ្នាំ Spagyl ថ្នាំគីណាល់ ថ្នាំគីណាល់អ៊ីប៊ុយ ថ្នាំគីណាល់អ៊ីប៊ុយហ្វត ថ្នាំ Kinaldol ថ្នាំគីណាល់ កូដេអ៊ីន និងថ្នាំ Kinalvic។
សន្និសីទនេះគឺជាចំណែកមួយនៃចលនាពិភពលោកដែលចាត់ទុកសុខភាពមាត់ធ្មេញជាចំណុចស្នូលនៃនយោបាយសុខភាពសាធារណៈ ដូចដែលធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះក្នុងសន្និសីទពិភពលោកលើកទីមួយស្តីពីសុខភាពមាត់ធ្មេញ រៀបចំឡើងដោយអង្គការសុខភាពពិភពលោក៕